បទវិភាគ: - TopicsExpress



          

បទវិភាគ: តើសេវាកម្មទទួលទូរស័ព្ទពេលអាសន្នរបស់ប៉ូលីស គួរតែជាកិច្ចរបស់វិទ្យុ? ****************** Tamarin Stealth ជាការល្អដែរ ដែលមានវិទ្យុ អេប៊ីស៊ី ផ្សាយពត៍មានបន្ទាន់ពីអាសន្នផ្សេងៗ។ ទន្ទឹមនិងនោះដែរ បើយើងមើលឱយគ្រប់ជ្រុងទៅ យើងឃើញថា ការធ្វើបែបនេះគឺធ្វើឱយ: ១. ស្ថាប័នប៉ូលីសចរាចរណ៏ អសកម្ម និងខុសការទទួលខុសត្រូវ។ ជាទូទៅ ទោះក្នុងប្រទេសណាក៏ដោយ ការរាយការណ៏ និងសុំអន្តរាគមន៏បន្ទាន់ ករណីចរាចរណ៏ ឃាតកម្ម អគ្គីភ័យ ចោរកម្មផ្សេងៗ គឺស្ថាប័នប៉ូលីស ជាអ្នករ៉ាប់រ៉ង ដោយមានលេខទូរស័ព្ទ ៩១១ សំរាប់បំរើពលរដ្ឋ។ ពលរដ្ឋគ្រាន់តែហៅទៅ បុគ្គលិកជំនាញនឹងដឹងថា ត្រូវហៅរថយន្តសង្គ្រោះ រថយន្តអគ្គីភ័យ ប៉ូលីស ឫក្រុមអន្តរាគមន៍ផ្សេងៗ ទៅតាមហេតុការណ៏។ ការបែងចែកភារកិច្ចអន្តរាគមន៏ គឺរហ័ស ន៨ងរលូន ដោយសារស្ថាប័នប៉ូលីសផ្នែកអាសន្ននេះ ភ្ជាប់ផ្ទាល់និងនាយកដ្ឋានប៉ូលីស អគ្គីភ័យ សង្គ្រោះបន្ទាន់ ភេរវកម្ម ។ល។ គឺប៉ូលីស ជាអ្នកទទួលបន្ទុក និងអនុវត្តន៍សកម្ម។ ទោះយ៉ាងណា ក៏គេមិនរំលែកការងារនេះ ទៅស្ថាប័នផ្សេងទេ កុំថាឡើយប៉ុស្ត៍វិទ្យុមួយ! ចុះខ្មែរយើង ចាំបាច់ធ្វើដូច្នះធ្វើអ្វី? ២. ការងារសង្គ្រោះបន្ទាន់ត្រូវយឺតយ៉ាវ និងប៉ះពាល់ដល់អាយុជីវិត។ ក្នុងករណីអាសន្ននានា មួយនាទី ជាការខុសគ្នារវាងស្លាប់ និងរស់។ តែយន្តការរាយការណ៍បែបនេះ គឺស៊ីពេលរាប់នាទី។ ការទូរស័ព្ទចូលរាយការណ៏ដល់ប៉ុស្ត៍វិទ្យុ ដែលមានខ្សែទូរស័ព្ទ ចំនួនតិច ចង្អៀត ហើយទើបបន្តទៅស្ថាប័ន ប៉ូលីស វាធ្វើអោយយឺត និងមិនរលូន ខុសបច្ចេកទេស។ សូមកុំគិតថា មានប៉ូលីសតាមផ្លូវ ម្នាក់ៗមានអាយកូម ជ្រែកចង្កេះហ្នឹងគ្រប់គ្រាន់នោះ។ ដូច្នះគឺជារបៀបការងារ មិនមានប្រសិទ្ធិភាព និងខុសវិជ្ជាជីវៈ។ ៣. ខុសវិជ្ជាជីវៈការងារ។ (ខ្ញុំមិនវាយប្រហារ លើអ្នកនិយាយវិទ្យុទេ សូមកុំយកដាក់លើខ្លួន) ជាទូទៅ ការទទួលទូរស័ព្ទ ដែលហៅរកអន្តរាគមន៍ គឺត្រូវប្រើបុគ្គលិកជំនាញ របស់ស្ថាប័នប៉ូលីស។ បុគ្គលិកទាំងនោះ ត្រូវឆ្លងកាត់ការសិក្សាពី ជំនាញរាយការណ៍ របៀបគ្រប់គ្រងភាពស្លន់ស្លោ (panic management) (ពេលមហាជនទូរស័ព្ទមក) កាយល់ដឹងពីភាពអាសន្ន (emergency knowledge) ។ គឺបុគ្គលិកជំនាញសំរាប់ទទួលទូរស័ព្ទពេលអាសន្ន (emergency call) របស់ស្ថាប័នប៉ូលីសនេះ មិនអាចត្រូវបានជំនួស ដោយពិធីករ ពិធីការិនីវិទ្យុ អេប៊ីស៊ី ដូចស្រុកខ្មែរយើងឡើយ។ ៤. ជាការទទួលស្គាល់ថា រចនាសម្ព័ន្ធ របៀបគ្រប់គ្រង ប្រសិទ្ធិភាព សមត្ថភាព និងតម្លាភាព (transparency) នៃស្ថាប័នប៉ូលីសចរាចរណ៍ យ៉ាងច្បាស់ក្រឡែតថា មិនអាចធ្វើបាន មិនអាចចាត់ចែងបាន គ្មានធនធាន បច្ចេកវិទ្យាដើម្បីធ្វើការរបស់ខ្លួន។ ចូរក្រឡេកមើល និងគិតថា តើស្ថាប័នប៉ូលីសចរាចរណ៍ខ្មែរយើង មានរបៀបការងារបែបណា មានធនធាន និងបច្ចេកវិទ្យា និងរបៀបចាត់ចែងបែបនេះហើយឫនៅ? ចំលើយគឺប្រាកដជា ទេ! ព្រោះយើងរីកចំរើនជ្រុល! Tamarin.
Posted on: Tue, 19 Nov 2013 02:45:40 +0000

Trending Topics



Recently Viewed Topics




© 2015