ផ្លូវជនបទជិត ២០០ - TopicsExpress



          

ផ្លូវជនបទជិត ២០០ គីឡូម៉ែត្រ នៅក្នុងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ នឹងត្រូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST នៅក្នុងឆ្នាំ២០១៥ 200 Kilometers of rural roads in Battembong and Porsat Province will be layered with DBST in 2015 គណៈប្រតិភូរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ដែលដឹកនាំដោយ លោកបណ្ឌិត Shihiru Date ជាមន្ត្រីជាន់ខ្ពស់ផ្នែកដឹកជញ្ជូននៃការិយាល័យកណ្តាលរបស់ ADB បានទៅពិនិត្យលទ្ធផលកែលម្អផ្លូវជនបទពីក្រាលក្រួសក្រហមទៅជាក្រាលកៅស៊ូពីរជាន់ (DBST) ដែលត្រូវបញ្ចប់ក្នុង ខែ មីនា ឆ្នាំ២០១៥ និងស្ថានភាពផ្លូវដែលស្ថាបនា ក្នុងគម្រោងកែលម្អផ្លូវជនបទជំហានទី២ (RRIPII)នៅក្នុងខេត្តបាត់ដំបង និងខេត្តពោធិសាត់ កាលពីថ្ងៃសៅរ៍ ៨ កើត ខែមិគសិរ ឆ្នាំមមី ព.ស. ២៥៥៨ ត្រូវនឹងថ្ងៃទី ២៩ ខែវិច្ឆិកា គ.ស.២០១៤ ។ គម្រោងកែលម្អផ្លូវជនបទនៅក្នុងខេត្តទាំងពីរនេះ គឺជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមហិរញ្ញប្បទានសហប្រត្តិបត្តការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មូលនិធិអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ (EDCF)មូលនិធិអភិវឌ្ឍន៍ណ័រឌិក (NDF) និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង មានចំនួន ០៧ ខ្សែ ក្នុងនោះ នៅក្នុងខេត្តបាត់ដំបងចំនួន ០៣ ខ្សែ ប្រវែង ៧២,២៥២ គីឡូមែត្រ និងខេត្តពោធិ៍សាត់ចំនួន ០៤ ខ្សែ ប្រវែង ៧០,១៣៩ គីឡូមែត្រ ដែលត្រូវក្រាល់កៅស៊ូរួចរាល់នៅក្នុងខែ មីនា ឆ្នាំ២០១៥ ខាងមុខ ។ ដោយឡែក ផ្លូវលំដែលមានជង្ហុកច្រើន ពិបាក់ធ្វើដំណើរមួយខ្សែប្រវែងជាង ២៨ គ.ម. តភ្ជាប់ពីឃុំស្កត់ប្រវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង ទៅកាន់ឃុំតាលោ ស្រុកបាកាន ខេត្តពោធិសាត់ នឹងដាក់ទៅគម្រោងកែលម្អផ្លូវជនបទ ជំហានទី២ (RRIP II) ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ ២០១៥ តទៅ ។ នៅក្នុងដំណើរបេសកកម្មពិនិត្យផ្លូវជនបទក្រាលកៅស៊ូប្រភេទ DBSTនេះ ឯកឧត្តម ជា សុផា និងប្រតិភូត្រូវបានទទួលស្វាគមន៍ និងសម្តែងនូវគោរពស្រឡាញ់យ៉ាងកក់ក្តៅ ពីប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនៃគម្រោងខាងលើ។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនប្រជាពលរដ្ឋថា ការកសាងផ្លូវ គឺជាគោលដៅយុទ្ធសាស្ត្រដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការលើកកម្ពស់កម្រិតជីវភាពនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅជនបទ តាមរយៈផ្តល់លក្ខណៈងាយស្រួល និងកាត់បន្ថយចំណេញពេលវេលា និងថវិកា របស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅកាន់សាលារៀន មន្ទីរពេទ្យ ទីផ្សារ វត្តអារាម មជ្ឈមណ្ឌលផ្តល់សេវាសាធារណៈផ្សេងៗ ជាពិសេសការដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗបានទាន់ពេលវេលា ហើយអស់សោហ៊ុយតិច។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ជា សុផារ៉ា បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានគាំទ្ររាជរដ្ឋាភិបាល ក្នុងការបន្តថែរក្សាស្ថិរភាពនយោបាយ សន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើន និងបានសំណូមពរដល់ប្រជាពលរដ្ឋឲ្យរួមគ្នាការពារសមិទ្ធផលខាងលើឲ្យបានស្ថិតស្ថេរគង់វង្ស ។ ទន្ទឹមនេះ ឯកឧត្តមក៏បានអំពាវនាវដល់ អ្នកប្រើប្រាស់ផ្លូវត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា និងអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ ត្រូវចូលរួមដាំដើមឈើ រួមទាំងដើមត្នោតនៅតាមដងផ្លូវ ដើម្បីរួមចំណែកធ្វើឲ្យបរិស្ថានធម្មជាតិនៅក្នុងភូមិមានលក្ខណៈល្អប្រសើរផងដែរ ។
Posted on: Mon, 01 Dec 2014 01:43:41 +0000

Trending Topics



Recently Viewed Topics




© 2015