ឯកឧត្តម ជា សុផារ៉ា - TopicsExpress



          

ឯកឧត្តម ជា សុផារ៉ា អញ្ញើញជួបសំណេះសំណាលជាមួយ យុវជនក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃសុក្រ ០៥ រោច ខែស្រាពណ៏ ឆ្នាំមមី ព.ស.២៥៥៨ ត្រូវនឹងថ្ងៃទី ១៥ ខែសីហា គ.ស.២០១៤ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ញើញជួបសំណេះសំណាលជាមួយយុវជនក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានប្រឡងចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងចាប់ពីឆ្នាំ ២០០៩ ដល់ ឆ្នាំ ២០១៤ សរុបចំនួន ៦៧ នាក់ ។ អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលនេះដែរមាន ឯកឧត្តម សូស គង់ រដ្ឋលេខាធិការ ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការ ឯកឧត្តមបណ្ឌិត ថេង ច័ន្ទសង្វារ អនុរដ្ឋលេខាធិការ និងមន្ត្រីរាជការក្រសួងជាច្រើនរូបទៀត ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ជា សុផារ៉ា បានសម្តែងនូវការកោតសរសើរដល់យុវជនទាំងអស់ ដែលតែងតែបានចូលរួមយ៉ាងសកម្មក្នុងការងារអភិវឌ្ឍន៍ជនបទ ទាំងនៅក្នុងក្រសួង ទាំងចុះទៅតាមមូលដ្ឋាន ។ ឯកឧត្តរដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យយុវជនទាំងអស់ខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនឲ្យក្លាយជាអ្នកដឹកនាំល្អនៅក្នុងក្រសួង ក៏ដូចជានៅក្នុងរាជរដ្ឋាភិបាលនៅពេលអនាគត ដោយបានលើកឡើងថា “យើងកើតនៅលើទឹកដីខ្មែរ ជាកូនខ្មែរ ជាជនជាតិខ្មែរ យើងត្រូវតែស្រឡាញ់ ការពារ និងជ្រោងជ្រែងឲ្យប្រទេសខ្មែរគង់វង្ស និងរីកចម្រើន។ នៅក្នុងនោះ ឯកឧត្តម បានពន្យល់ ឲ្យយុវជនខិតខំស្វែងយល់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បី ១. គាំទ្រ ការពារ និងរួមចំណែកក្នុងការអនុវត្តឲ្យបានជោគជ័យ ជាពិសេសលើការថែរក្សាស្ថេរភាពនយោបាយ ឲ្យមានភាពសុខសាន្តនៅទូទាំងប្រទេស ។ ២. គាំទ្រដល់ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ។ ៣. ចូលរួមជំរុញការងភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឲ្យរីកចម្រើន ។ ដោយឡែក ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងនាមយើងជាមន្ត្រីរាជការរបស់ក្រសួង ក៏ត្រូវគាំទ្រ និងរួមចំណែកក្នុងការការពារស្ថេរភាព និងសណ្តាប់ធ្នាប់ការងារ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងការងាររបស់ក្រសួងឲ្យបានជោគជ័យផងដែរ ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើការប្រៀបធៀបពីស្ថានភាពដ៏លំបាករបស់ប្រទេសកម្ពុជា កាលពីជាង ៣០ ឆ្នាំមុន ដែលរងគ្រោះដោយមនោគមវិទ្យានយោបាយបរទេស ដោយបានធ្វើឲ្យប្រទេសកម្ពុជាធ្លាក់ក្នុងសង្គ្រាម គ្មានស្ថេរភាព និងក្រីក្រ ជាមួយនឹងស្ថានភាពរីកចម្រើន ស្ថេរភាពនយោបាយ នាពេលបច្ចុប្បន្ន ជូនដល់អង្គពិធីបានយល់ពីការវិវត្តរបស់ប្រទេសកម្ពុជាទាំងមូល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ៕
Posted on: Mon, 18 Aug 2014 08:48:38 +0000

Trending Topics



Recently Viewed Topics




© 2015